គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ការទូតវប្បធម៌មានសកម្មភាពជាមួយក្រុមហ៊ុនខហ្វីរេល

កាលបរិច្ឆេទ: ០៩ មេសា ២០២៥ / ម្ហូបអាហារ / Author : ATH Sokren

កាលពីពេលថ្មីៗកន្លងមកនេះ​ លោកឧកញ៉ាឱសថបណ្ឌិតហៃ​ លីអ៊ាង ប្រធានក្រុមហ៊ុនខនហ្វីរេល បានផ្តល់អំណោយជាកញ្ចប់ផលិតផលខ្មែរជូនទៅឯកឧត្តម ជា ចាន់បរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសចំនួន៧ គឺប្រទេសប៊ុលហ្ការី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក សាធារណរដ្ឋស៊ីប ប្រទេសអេស្តូនី ប្រទេសលេតូនី និងប្រទេសលីទុយអានី។ នៅក្នុងកញ្ចប់អំណោយនោះមាន ស្ករត្នោតម៉ាក Thnot ម្រេចកំពតម៉ាក Kirum និងម្សៅប្រហុកគីរម្យ​ ដែលសុទ្ធសឹងជាផលិតផលខ្មែរសុទ្ធសាធដែលផលិត និងកែច្នៃដោយក្រុមហ៊ុនខនហ្វីរេល។ គំនិតផ្តួចផ្តើមនេះគឺមានគោលបំណងផ្សព្វផ្សាយលើកកម្ពស់ភាពសម្បូរបែបនៃវប្បធម៌ និងម្ហូបខ្មែរក្នុងក្របខ័ណ្ឌបេសកកម្មការទូតរបស់ឯកឧត្តមអគ្គរាជទូត។

ខណៈផ្តល់អំណោយ លោកឧកញ៉ាឱសថបណ្ឌិតបានគូសបញ្ជាក់ពីសារសំខាន់នៃផលិតផលទាំងនេះ ព្រោះវាតំណាងឱ្យបេតិកភណ្ឌកម្ពុជា។ លោកបានរម្លឹកផងដែរថា ស្ករត្នោតម៉ាក ​Thnot ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិពីគុណភាពដ៏វិសេសវិសាលរបស់វា។ ស្ករត្នោតនេះទទួលបានមេដាយ Palme d’Or​ ក្នុងឱកាសតាំងពិព័រណ៍ Natexpo នៅទីក្រុងប៉ារីស ដោយសារតែវាមានឱជារសឈ្ងុយឆ្ងាញ់ និងមានគុណប្រយោជន៍សម្រាប់សុខភាព។ ចំណែកឯនៅអាស៊ីអាគ្នេយ៍ឯណោះវិញ ស្ករត្នោតម៉ាក​Thnot ក៏ទទួលបានពានរង្វាន់លេខមួយផ្នែកផលិតផលល្អដាច់គេនៅអាស៊ាន​ ( ASEAN Best Product First Prize)។ បើតាមប្រសាសន៍របស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ផលិតផលទាំងនេះគឺជាសក្ខីភាពបញ្ជាក់ពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ ដែលមិនមែនមានត្រឹមតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ។ លោកក៏បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូតខ្មែរជួយផ្សព្វផ្សាយផលិតផលម្ហូបអាហារដែលជាកំណប់ទ្រព្យខ្មែរដ៏ប្រពៃនេះក្នុងជំនួបការទូតរបស់ឯកឧត្តម។

 

ឯកឧត្តម ជា ចាន់បរិបូរណ៍ បានសម្តែងក្តីរំភើបរីករាយចំពោះអំណោយនេះ ហើយលោកក៏បានសន្យាថា​នឹងណែនាំផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសទាំង៧ខាងលើ។ ជាក់ស្តែង ឯកឧត្តមបានចំណាយពេលជាច្រើនម៉ោងនៅមជ្ឈមណ្ឌលកែច្នៃចំណីអាហារ និងនវានុវត្តន៍របស់ក្រុមហ៊ុនខនហ្វីរេល ដើម្បីរៀនធ្វើម្ហូបជាមួយនឹងមេចុងភៅដ៏ចំណានមកពីសណ្ឋាគារ Penh House ដោយប្រើប្រាស់គ្រឿងផ្សំពីផលិតផលចម្បងៗរបស់ក្រុមហ៊ុន ជាពិសេសគឺម្សៅប្រហុកម៉ាក Kirum។ បទពិសោធន៍មួយនេះនឹងអាចឱ្យលោករៀបចំពិធីលៀងភោជនាហារការទូតនៅគេហដ្ឋានរបស់លោកនៅឯបរទេស ដើម្បីណែនាំរសជាតិអាហារខ្មែរឱ្យឥស្សរជនបរទេសបានស្គាល់។ បើតាមប្រសាសន៍របស់ឯកឧត្តមជា ចាន់បរិបូរណ៍ ដែលជាសមាជិកនយោបាយការទូតផ្នែកសិល្បៈចម្អិនអាហារដែលផ្តួចផ្តើមឡើងដោយឯកឧត្តមប្រាក់ សុខុន ការអញ្ជើញមន្រ្តីបរទេសឱ្យភ្លក់ម្ហូបខ្មែរគឺជាយុទ្ធសាស្រ្តការទូតមួយដ៏មានប្រសិទ្ធភាព។ លោកអះអាងថា៖ «បើយើងនិយាយតែពីរឿងនយោបាយ ប្រហែលជាគេមិនចាប់អារម្មណ៍ទេ ប៉ុន្តែបើយើងអញ្ជើញគេឱ្យមកភ្លក់ម្ហូបខ្មែរ នោះគេច្បាស់ជាចាប់អារម្មណ៍មិនខាន»៕ #វីដេអូ